ជ្រើសរើសភាសា: Khmer Khmer English English
ក្រុមហ៊ុន Beijing Star AI បង្ហាញ​ចំណាប់​អារម្មណ៍​ស្វែង​រក​ឱកាស​វិនិយោគ​លើ​បច្ចេកវិទ្យា AI នៅ​កម្ពុជា
អ្នកនិពន្ធ: sophearak_sun
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ ២០២៦

    នាល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦, សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា បាន​អនុញ្ញាត​ឱ្យ លោក Zhang Wei ស្ថាបនិក ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជានាយកប្រតិបត្តិ នៃក្រុមហ៊ុន Beijing Star AI Co,. Ltd ចូលជួប​​សម្ដែងការគួរសម និង​ពិភាក្សាការងារ ក្នុងឱកាស​នៃ​ការអញ្ជើញ​បំពេញ​ទស្សនកិច្ច​ការងារ និង​ចូលរួម​សន្និសីទ​ពិភពលោក​ស្តីពី​បញ្ញាសិប្បនិម្មិត​នៅសាធារណរដ្ឋ​ប្រជាមានិត​ចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦

    ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចធិបតីអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដោយបានគូសបញ្ជាក់ថា ក្រុមហ៊ុន Beijing Star AI ជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខដែលមានឯកទេសលើការបង្កើតវីដេអូ និងការផលិតភាពយន្ត-ទូរទស្សន៍ ដោយប្រើប្រាស់បច្ចេកវិទ្យា AI (AI-Generated Content – AIGC)។ បន្ថែមលើនេះ, ក្រុមហ៊ុនក៏ជាស្ថាប័នដំបូងគេនៅលើពិភពលោក ដែលបានកសាងសហគមន៍បង្កើតវីដេអូ AIGC ពេញលេញក្នុងកន្លែងតែមួយ (One-Stop Community) ព្រមទាំងបានអភិវឌ្ឍ និងដាក់ឱ្យដំណើរការនូវប្រព័ន្ធ AI Agent ក្នុងកម្រិតភាពយន្តដំបូងគេបង្អស់នៅលើសកលលោក។
    
    ជាមួយគ្នានោះ, លោកប្រធានក្រុមហ៊ុនក៏បានគោរពជម្រាបជូនសម្ដេចធិបតីអំពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន ជាមួយក្រុមហ៊ុនដៃគូក្នុងស្រុកនៅកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគលើបច្ចេកវិទ្យា AI ដោយផ្ដោតសំខាន់លើការអភិវឌ្ឍវិស័យអាជីវកម្មស្នូលចំនួន ៤ រួមមាន
១.មជ្ឈមណ្ឌលកុំព្យូទ័រវៃឆ្លាតប្រចាំតំបន់អាស៊ាន (ASEAN Regional Intelligent Computing Center),
២.មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ភ្នាក់ងារ AI សម្រាប់ការផលិតភាពយន្ត (Film-Grade AI Agent R&D Center),
៣.មជ្ឈមណ្ឌលចែកចាយរឿងភាគខ្លី AI ឆ្លងដែន (Cross-border AI Short Drama Distribution Center),
៤.និងមជ្ឈមណ្ឌលប្រតិបត្តិការពាណិជ្ជកម្មឌីជីថលអាស៊ាន (ASEAN Digital Commerce Operation Center)។

    ជាការឆ្លើយតប, សម្ដេចធិបតី​បាន​សម្ដែង​នូវការ​អបអរ​សាទរ​ចំពោះ​ភាព​ជោគជ័យ​នៃប្រតិបត្តិការ​អាជីវកម្ម​របស់ក្រុមហ៊ុន ព្រម​ទាំង​បាន​ស្វាគមន៍​ចំពោះ​បំណង​របស់​ក្រុមហ៊ុន​ក្នុងការស្វែង​រកឱកាស​វិនិយោគ​លើវិស័យ​បច្ចេកវិទ្យា AI នៅ​កម្ពុជា។ សម្ដេចធិបតី​បាន​គូស​បញ្ជាក់ថា វិស័យ​បច្ចេកវិទ្យា ជា​អាទិភាព​គន្លឹះ​មួយ​នៅក្នុង​យុទ្ធសាស្ត្រ​បញ្ចកោណ-ដំណាក់​កាល​ទី១ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ផ្ដោត​ការយក​ចិត្ត​ទុកដាក់​ខ្ពស់​លើការអភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា​នៅកម្ពុជា។ ក្នុង​ន័យនេះ, សម្ដេចធិបតី​បានលើកទឹក​ចិត្ត​ឱ្យក្រុមហ៊ុន​បន្តការផ្សារ​ភ្ជាប់ទំនាក់​ទំនង និង​ពិភាក្សា​ជាមួយ​ក្រសួងស្ថាប័ន​ពាក់ព័ន្ធ​កម្ពុជា ជាពិសេស ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដើម្បី​សិក្សា និង​ចាប់យក​កាលានុវត្តភាព​វិនិយោគ​ជាក់ស្តែង​នៅកម្ពុជា៕

ព័ត៌មានទាក់ទង